Miss. Vatanak Phikunkeo

កញ្ញា វឌ្ឍនៈ ភិគុណកែវ

ភាពជោគជ័យនៃ អតីតសិស្ស វឌ្ឍនៈ ភិគុណកែវ 

ជម្រាបសួរ លោកអ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ បងៗ និង ប្អូនៗសិស្សានុសិស្សទាំងអស់គ្នា។ នាងខ្ញុំមានឈ្មោះ វឌ្ឍនៈ ភិគុណកែវ ជាអតីតសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី នាឆ្នាំសិក្សា ២០២០-២០២២។ នាងខ្ញុំបានបញ្ចប់ថ្នាក់វិទ្យាល័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ ២០២១។ 

បទពិសោធនៃការសិក្សារបស់ខ្ញុំ គឺផ្ដោតសំខាន់ទៅលើការសិក្សាទាំងក្នុងសាលារៀនជាក់ស្ដែង ការសិក្សាក្នុងថ្នាក់ និងការសិក្សាក្រៅសាលារៀន គឺការសិក្សាបន្ថែមនៅពេលវេលាទំនេរបន្ទាប់ពីសិក្សាក្នុងថ្នាក់រួចរាល់។ 

១. ការសិក្សាក្នុងថ្នាក់ជាគន្លឹះសំខាន់សម្រាប់សិស្សគ្រប់រូបក្នុងការទទួលបានចំណេះដឹង ពីការបង្រៀនយ៉ាងល្អិតល្អន់ពីសំណាក់លោកគ្រូ អ្នកគ្រូ។ វាជាពេលវេលាដែលទាមទារឱ្យសិស្សានុសិស្សគ្រប់រូបត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ កត់ចំណាំនូវរាល់ចំណុចសំខាន់ពីការពន្យល់របស់លោកគ្រូ អ្នកគ្រូ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងលើកទឹកចិត្តឱ្យសិស្សានុសិស្សគ្រប់រូប ចោទសួរនូវរាល់ចម្ងល់ដែលកើតមានឡើង គួបផ្សំនឹងការរីករាយនូវការឆ្លើយសំណួររបស់សិស្សគ្រប់រូប។ លោកគ្រូ អ្នកគ្រូតែងចាំជួយអ្នកទាំងអស់គ្នាជានិច្ច។ ដូច្នេះហើយ នេះជាគន្លឹះដ៏សំខាន់ដែលប្អូនៗសិស្សានុសិស្សត្រូវតែប្រកាន់ខ្ជាប់ជានិច្ច។ 

២. ក្រៅពីការសិក្សាក្នុងថ្នាក់ ការសិក្សាបន្ថែមក៏ជាកត្តាក្នុងការជួយជុំរុញចំណេះដឹងរបស់សិស្សានុ សិស្សគ្រប់រូបផងដែររួមមាន ការស្វ័យសិក្សាដោយខ្លួនឯង និងការសិក្សាជាមួយមិត្តរួមថ្នាក់ អាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់សិស្សម្នាក់ៗ ប៉ុន្តែគន្លឹះទាំងពីរនេះពិតជាមានសារៈសំខាន់ស្មើៗគ្នា។ 

  • ការស្វ័យសិក្សា ជាពេលវេលាមួយដែលប្អូនៗអាចបង្កើននូវចំណេះដឹងបន្ថែមពីលើរាល់ការទទួលបានពីការសិក្សាក្នុងនៅថ្នាក់។ វាស្ដែងចេញឡើងតាមរយៈការស្រាវជ្រាវបន្ថែមនូវចំណុចណាដែលមានភាពមិនច្បាស់លាស់ ការហ្វឹកហាត់ធ្វើនូវលំហាត់ទៅតាមមុខវិជ្ជានីមួយៗ ការរំលឹកមេរៀនសាឡើងវិញ។ល។ ប្អូនៗអាចធ្វើការស្វះស្វែងរកនូវចំណោទមកដោះស្រាយដើម្បីហ្វឹកហាត់ការគិតក៏ដូចជាដុសខាត់សមត្ថភាពរបស់យើងបន្ថែមដែលប្អូនអាចស្វែងរកតាមរយៈប្រព័ន្ធផ្សាព្វផ្សាយសាធារណៈ គេហទំព័រអ៊ីនធឺណេតផ្សេងៗ វីដេអូដែលត្រូវបានរៀបរៀងឡើងដោយក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ 
  • ចំណែកឯការសិក្សាជាមួយមិត្តរួមថ្នាក់វិញក៏ជាគន្លឹះសំខាន់មួយដែរ។ នេះជាឱកាសដែលសិស្សានុសិស្សគ្រប់រូបអាចបង្រៀន ពន្យល់គ្នាទៅវិញទៅមក នូវរាល់ចំណុចខ្វះខាត ឬចម្ងល់ដែលកើតមានឡើងផ្សេងៗ។ ការសិក្សាជាក្រុមក៏អាចផ្ដល់នូវភាពសប្បាយរីករាយក្នុងការរៀនសូត្រ ដែលប្រៀបបានទៅនឹងការផ្តល់កម្លាំងចិត្តឱ្យគ្នាដើម្បីសម្រេចគោលដៅក្នុងការសិក្សា។ មិនតែប៉ុណ្ណោះ ការរៀនជាមួយគ្នាអាចផ្ដល់នូវចំណេះដឹងថ្មីបន្ថែមដល់ប្អូនៗសិស្សានុសិស្ស នូវការគិត ត្រិះរិះ មតិយោបល់ តិចនិកក្នុងការដោះស្រាយលំហាត់ផ្សេងៗពីគ្នាដែលប្អូនៗអាចរៀនពីគ្នាទៅវិញទៅមកផងដែរ ហើយអាចយកមកប្រើប្រាស់សម្រាប់ខ្លួនឯងក្នុងការលើកតម្កើងនូវសមត្ថភាពរបស់យើងនៅថ្ងៃអនាគត។
ចែករំលែកអត្ថបទនេះ