កម្មវិធីជួបជុំមិត្តចាស់ដ៏កម្រនេះ ធ្វើឡើងដើម្បីបង្កើននូវមិត្តភាព សាមគ្គីភាព រំលឹកអនុស្សាវរីយ៍ល្អៗ និងជាការចងចាំទាំងឡាយកាលពីនៅសិក្សាជាមួយគ្នា រវាងមិត្តភក្តិចាស់ៗដែលបានបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ និងធ្វើបច្ចុប្បន្នភាពនៃការវិវត្ត ការផ្លាស់ប្តូរខ្លួនបន្ទាប់ពីបញ្ចប់ការសិក្សារយៈពេលកន្លងមក។ជាពិសេសផ្លាស់ប្តូរបទពិសោធ ចែករំលែកនូវអ្វីដែលថ្មីដល់គ្នាទៅវិញទៅមក។ កម្មវិធីនេះពិតជាល្អមែនទែនសម្រាប់មិត្តភក្តិដទៃទៀត ដែលមានឱកាសបានជួបជុំមិត្តភក្តិចាស់បន្ទាប់ពីបែកគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ កម្មវិធីជួបជុំអតីតសិស្សធ្វើសិស្សានុសិស្សមានក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងដែលបានចូលរួមក្នុងកម្មវិធីជួបជុំដ៏កម្រ និងប្រកបដោយអត្ថន័យ ព្រមទាំងការឆ្លុះបញ្ចាំងមួយដែលមិនអាចកាត់ថ្លៃបានចំពោះអតីតសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានសម្រេចនូវភាពអស្ចារ្យ ដែលក្លាយជាសសរទ្រូងសម្រាប់គ្រួសារ សង្គម ប្រទេសជាតិ និងមានជីវិតគ្រួសារមួយដ៏ពេញលេញ មានមុខរបរមួយច្បាស់លាស់បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេលយូរឆ្នាំកន្លងមក។ ការជួបជុំអតីតសិស្សនេះ ក៏មានការរៀបចំពិធីជូនវត្ថុអនុស្សាវរីយ៍ ក៏ដូចជាការដឹងគុណដល់លោកគ្រូ អ្នកគ្រូ ដែលជាអាណាព្យាបាលទីពីរ និងជាអ្នកធ្លាប់បង្ហាត់បង្រៀនកាលពីកន្លងផងដែរ។