Miss. Chealeang Ear

កញ្ញា អៀ ជាលាង

ភាពជោគជ័យនៃ អតីតសិស្ស អៀ ជាលាង 

យុវជនជាទំពាំងស្នងឫស្សី យុវជនមានថាមពលកម្លាំងស្មារតីមោះមុត ជាសសរទ្រូងនៃសង្គមជាតិ និងជាកត្តាធ្វើឱ្យមានការអភិវឌ្ឍលើសកលលោក។ យុវតី អៀ ជាលាង ជាសិស្សថ្នាក់ទី១២ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកក្នុងឆ្នាំសិក្សា២០២២-២០២៣។ យុវតីរូបនេះក៏ជាអតីតសិស្សផ្លាស់ប្តូរការសិក្សាពីសហរដ្ឋអាមេរិកនាឆ្នាំសិក្សា២០២១-២០២២ និងនាំយកវប្បធម៌កម្ពុជាឱ្យពិភពលោកបានស្គាល់។ ក្រោយត្រឡប់មកកាន់មាតុភូមិ ដោយការផ្លាស់ប្តូរ និងភាពខុសគ្នានៃប្រព័ន្ធសិក្សារវាងប្រទេសទាំងពីរ យុវតីបានជួបប្រទះឧបសគ្គមួយចំនួនក្នុងឆ្នាំសិក្សានេះ។ ប៉ុន្តែក្រៅពីមមាញឹក ស្វះស្វែងសិក្សារៀនសូត្រ យុវតីរូបក៏នេះនៅតែបន្តការងារស្ម័គ្រចិត្ត និងចូលរួមចែករំលែកបទពិសោធន៍នៃការផ្លាស់ប្តូរការសិក្សារបស់ខ្លួន។ ក្រឡេកទៅមើលលទ្ធផលសិក្សាវិញ យុវតីរូបនេះបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យជាមួយនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣។ ខាងក្រោមនេះជាការចែករំលែកបទពិសោធន៍នៃការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់យុវតី អៀ ជាលាង
មនុស្សម្នាក់ៗតែងមានក្ដីស្រមៃ និងគោលដៅរៀងៗខ្លួន ការចេះកំណត់គោលដៅច្បាស់លាស់មិនបោះបង់ជាថ្នូរនៃភាពរីកចម្រើន និងភាពជោគជ័យ។ ក្រោយត្រឡប់ពីផ្លាស់ប្តូរការសិក្សាវិញ ខ្ញុំជួបឧបសគ្គជាច្រើន តែដោយយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ កត់ត្រាមេរៀន ហ៊ានសួរ ហ៊ានឆ្លើយជាកត្តាសំខាន់មួយក្នុងការសិក្សា។ ការចេះរៀបចំកាលវិភាគ យកមេរៀន លំហាត់មករំលឹកឬធ្វើម្តងទៀត អាចសុំលំហាត់គ្រូបន្ថែម ព្រោះគ្រូមានតែសប្បាយចិត្ត ធ្វើហើយផ្ញើសុំឲ្យគ្រូជួយពិនិត្យវិញផង។ លើសពីនេះទៅទៀត ក្រៅពីការសិក្សាយុវតីក៏ចូលរួមការងារសង្គម ការងារស្មគ្រ័ចិត្តក្នុងសាលា ហើយបន្តទទួលលទ្ធផលនិទ្ទេស A ជារៀងរាល់ខែនៃឆ្នាំសិក្សា ហើយវាមិនមែនជាភាពចៃដន្យ តែជាកម្លាំងកាយចិត្តដែលយុវតីខិតខំប្រឹងប្រែង។ គាត់បានបន្ថែមទៀតថា “គួរមានគោលដៅប្រចាំថ្ងៃ ត្រូវមើលមេរៀនអ្វី ធ្វើលំហាត់អ្វី ហើយគួរបញ្ចប់វាមុនចូលគេង។ រៀនកុំដាក់សម្ពាធខ្លាំងពេក ព្រោះអាចបាត់បង់ទំនុកចិត្ត និងចិត្តចង់រៀន កុំបង្ខំពេកតែមិនមែនឲ្យទុកការសិក្សាចោលទេ ជាងនេះទៅទៀតសុខភាពល្អជាកត្តាយ៉ាងសំខាន់។ ខណៈពេលនេះគឺអ្នកចេះ គឺជាប់ មិនគួរខ្ជះខ្ជាយពេលវេលាឡើយ។ ចំណេះវិជ្ជាជាទ្រព្យសម្បត្តិដែលមានតម្លៃបំផុតនៅជាប់នឹងខ្លួនដែលគ្មានអ្នកណាអាចឆក់ប្លន់បានឡើយ។ «ដាំក្នុងសាលា ផ្លែផ្កាក្នុងសង្គម» យុវតី អៀ ជាលាង បានផ្តាំផ្ញើទៅកាន់សិស្សានុសិស្សឯទៀតថា ចូលប្អូនៗខិតខំសិក្សា យកចិត្តទុកដាក់ មិនថាក្នុងបរិបថយ៉ាងណា កុំបោះបង់ក្តីស្រមៃរបស់ខ្លួន តស៊ូឡើងព្រោះអនាគតប្អូនៗ គឺ ខ្លួនយើងជាអ្នកសម្រេច សូមកុំឲ្យខ្លួនឯងមានវិប្បដិសារី។ ម្យ៉ាងវិញទៀតមិនថាលទ្ធផលយ៉ាងណា សូមទទួលយកដោយស្នាមញញឹម ព្រោះវិថីជីវិត គឺនៅវែងឆ្ងាយណាស់ ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ 

ចែករំលែកអត្ថបទនេះ