នាយកចាងហ្វាង សាខាចាក់អង្រែ
ជម្រាបសួរ លោក លោកស្រី ជាមាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់! សួស្តីប្អូនៗ សិស្សានុសិស្ស។ ខ្ញុំបាទឈ្មោះ ជាង ប៊ុនលី ជានាយកចាងហ្វាងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ។
ខ្ញុំបានទទួលសញ្ញាបត្រគរុកោសល្យក្នុងឆ្នាំ២០០៥ បរិញ្ញាបត្រ ឆ្នាំ២០០៨ និងទទួលបានបរិញ្ញាជាន់ខ្ពស់ឆ្នាំ២០១៧ និងចូលបំរើការងារក្នុងវិស័យអប់រំចាប់តាំងពីឆ្នាំ២០០៥ និងបានចូលបំរើការងារជាគ្រូបង្រៀន ពាក់ពេញម៉ោងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ពីឆ្នាំ២០០៩។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញបេសកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ ស្របតាមកម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡា សាលាលើកកម្ពស់ និងលើកទឹកចិត្តសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេត និងតាមឯកសារក៏ច្រើននៅក្នុងបណ្ណាល័យ សាលាមិនត្រឹមតែបណ្តុះបណ្តាលសិស្សានុសិស្សឱ្យ មានចំណេះដឹងពិតប្រាកដ ក្រមសីលធម៌ ថែមទាំងឱ្យប្អូនចេះចែករំលែក មានទំនួលខុសត្រូវក្នុងសង្គម និងមានសមត្ថភាពគ្រប់គ្រាន់នៅពេលដែលប្អូនចេញរៀននៅតាមសកលវិទ្យាល័យនានាមិនថាក្នុងប្រទេស ឬក្រៅប្រទេសទេ ហើយអនាគតនឹងក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាពទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយ គុណភាព និងប្រសិទ្ធភាព។
ជាចុងក្រោយសូមថ្លែងអំណរគុណមាតាបិតា និងអ្នក អាណា ព្យាបាលសិស្សទាំងអស់ ដែលបានគាំទ្រ និងមានទំនុកចិត្តចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាផ្តល់ឱកាសដល់កូនៗឱ្យមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ សូមគោរពជូនពរ លោក លោកស្រី មាតាបិតា និងអ្នកអាណាព្យាបាល និងជូនពរប្អូនៗសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។