ភាពជោគជ័យនៃ អតីតសិស្ស ឈួរ គីមស៊ៀក
ជម្រាបសួរក៏ដូចជាសួស្តីបងៗនិងប្អូនៗសិស្សានុសិស្សទាំងអស់គ្នា នាងខ្ញុំឈ្មោះ ឈួរ គីមស៊ៀក ជាអតីតសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ នាឆ្នាំសិក្សា ២០១៩ ដល់ ២០២២។ ប្រវត្តិនៃការសិក្សាគឺចាប់ផ្តើមចូលរៀនតាំងពីថ្នាក់ទី១០ដល់បញ្ចប់ថ្នាក់វិទ្យាល័យពោលគឺថ្នាក់ទី១២ ។
បទពិសោធន៍នៃការសិក្សារបស់នាងខ្ញុំគឺផ្តោតសំខាន់ទៅលើចំណុច២យ៉ាងសំខាន់ពោលគឺ ការសិក្សានៅសាលា និងការស្វ័យសិក្សា។
ចំណុចទី១: ការសិក្សានៅសាលាគឺជាកត្តាដ៏សំខាន់ដែលញ៉ាំងឲ្យសិស្សានុសិស្សម្នាក់ៗអាចទទួលបាននូវចំណេះដឹងគោលនិងភាពច្បាស់លាស់។ លោកគ្រូ អ្នកគ្រូប្រៀបដូចជាស្ពានចម្លងយើងឲដល់គោលដៅ ដូចនេះហើយការត្រង់ត្រាប់ស្តាប់គ្រូពន្យល់ និងកត់ត្រារាល់ចំណុចសំខាន់ៗគឺពិតជាសំខាន់ណាស់។ ជាក់ស្តែងដូចជាសាលារៀន AIS គឺជាសាលារៀនគំរូមួយដែលសម្បូរទៅដោយលោកគ្រូអ្នកគ្រូដែលប្រកបទៅដោយក្រមសិលធម៌ និងវិជ្ជាជីវៈ ។ មិនតែប៉ុណ្តោះ សាលារៀនអន្តរទ្វីបតែងតែផ្តល់អាហារូបករណ៍ជាច្រើនទាំងក្នុងប្រទេសនិងក្រៅប្រទេសសម្រាប់សិស្សានុសិស្ស ។
ចំណុចទី២: ការស្វ័យសិក្សាគឺជាចំណុចសំខាន់មួយទៀតដែលយើងមិនគួរមើលរំលងជាក់ស្តែងដូចជា ការកំណត់គោលដៅសិក្សាសម្រាប់ខ្លួនអ្នក, រំលឹកមេរៀនដែលបានរៀនហើយ, សាកល្បងធ្វើលំហាត់ថ្មីៗ, ព្យាយាមមើលវីដេអូ ឬការណែនាំសម្រាប់មុខវិជ្ជាឬមេរៀនណាដែលមិនទាន់យល់ច្បាស់, ហើយសំខាន់បំផុត គឺត្រូវមានភាពជាប់លាប់និងភាពអត់ធ្មត់ព្រមទាំងរៀបចំកាលវិភាគរៀនច្បាស់លាស់។